Upload Your Facebook Page For Free

បុណ្យពិសាខបូជា


ពិសាខបូជា ជាពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ព្រះពុទ្ធគោតម ។ គេកំណត់យកថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែមហាមង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និងទ្រង់រំល់ខន្ធចូលបរិនិព្វាន ។ ដូចនេះ ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។

តាមទំនៀមទំលាប់ពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបានជាគេ ឃើញនៅគ្រប់វត្តអារាមមានធុជ គ្រឿងប្រទីបជ្វាលាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុសស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការបូជាមានផ្កាភ្ញី ទៀន ធូប ជាដើម ទៅប្រជុំគ្នាយ៉ាងច្រើនកុះករ ។ នៅយប់នេះរហូតដល់ភ្លឺគេនាំគ្នាស្តាប់ការសម្តែងទេសនាអំពីពុទ្ធប្រវត្តតាំងពីដើមរហូតដល់ ចប់ ដើម្បីឲ្យមានចិត្តសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យកាន់តែខ្លាំងឡើង ។

តាមការស្រាវជ្រាវគេដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ដានិងប្រទេស លង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារមកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩ នេះ ។ នៅប្រទេសសៀមស្តេចរាមា បានចាប់ផ្តើមធ្វើនៅឆ្នាំ១៨១៧​។ ចំណែកនៅប្រទេសខ្មែរបុណ្យ ពិសាខបូជាត្រូវបានចាប់ធ្វើ ឡើងនៅឆ្នាំ១៨៥៥ ដោយព្រះមហាប៉ាន ដែលស្តេចសៀមបានបញ្ជូន មកកាន់ឧត្តុង្គតាមសសេចក្តីស្នើសុំរបស់ព្រះបាទ អង្គឌួង ។ ដំបូងពិធីបុណ្យនេះប្រារព្ធឡើងដោយ គណៈធម្មយុត្តិកៈនិកាយ ហើយក្រោយមកទើបជ្រួតជ្រាបដល់គណៈមហានិកាយ (យល់ព្រមដោយ ព្រះបាទ ស៊ីសុវត្ថិ ) ។

No comments:

khmer branding